បរិវេណសាធារណៈ ៖ វត្តអារាម / Publich Space : Pagoda

[English below]

ប្រទេសកម្ពុជា ​ជា​ប្រទេស​ដែលសម្បូរ​ទៅ​ដោយ​ វប្បធម៌ និង​ប្រវត្តិសាស្ត្រ។ បើយោងតាមរបាយការណ៍​របស់​ក្រសួង​ធម្មការ និងសាសនា បានបញ្ជាក់ថា ប្រជាជនកម្ពុជា 93% ជាអ្នកកាន់សាសនាព្រះពុទ្ធ ព្រមទាំងមានវត្តអារាមចំនួន 4872 នៅទូទាំងប្រទេស។ វត្តអារាមទាំងនេះច្រើនតែបម្រើក្នុងគោលបំណងលើសពីកន្លែងសម្រាប់គោរពប្រតិបត្តិសាសនា។ តើ​វត្តអារាម​មាន​គោល​បំណង​បន្ថែមអ្វី​ផ្សេងទៀត ហើយ​ហេតុ​អ្វី​បាន​ជា​យើងគ្រប់គ្នា​គួរ​តែយក​ចិត្ត​ទុក​ដាក់​ទៅលើចំណុច​ទាំង​នោះ?

មនុស្សគ្រប់គ្នា អាចចូលទៅក្នុងវត្តអារាមដោយសេរី និងមិនមានតម្រូវឲ្យបង់ថវិកាឡើយ។ គ្រប់ពេលដែលពុទ្ធសាសនិកជន​គ្រប់រូបអញ្ជើញទៅកាន់ទី​វត្តអារាម ពួកគេ​នឹងត្រូវជួបដោយ​ក្លិនក្រអូប​ផ្កាភ្ញី ក៏ដូចជាផ្សែងធូបទៀនជាដើម។ លើសពីនេះទៀត សំឡេងជជែកគ្នាលេង និងសើចសប្បាយរបស់ពុទ្ធសាសនិកជនក៏មានបន្លឺអឺងកងផងដែរ។ ទោះជាលោកអ្នកមិនស្គាល់នរណាម្នាក់ក៏ដោយ នៅចុងបញ្ចប់នៃពិធីនីមួយៗ លោកអ្នកនឹងក្លាយជាផ្នែកមួយនៃការសន្ទនាដ៏រីករាយជាមួយពុទ្ធសាសនិកជនដទៃផ្សេងទៀត។ ប្រសិនបើយើងក្រឡេកមើលការ​រៀបចំរចនានៅក្នុង​វត្តវិញ គឺត្រូវ​បាន​តុបតែង​ដោយ​គំនូរ​ជញ្ជាំងចម្រុះ​ពណ៌ដ៏រស់រវើក ដោយមានផ្ទាំងគំនូរខ្លះបង្ហាញពីរូបភាពគួរឲ្យខ្លាចជាមួយនឹងន័យដាស់តឿន ​ដូច​ជា​គំនូរ​​ពណ៌នា​អំពី​ការ​ធ្វើ​ទារុណកម្មនៅ​ក្នុង​ឋាននរក​ទៅលើបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​បាប។ ស្នាដៃសិល្បៈផ្ទាំង​គំនូរដ៏ប្រណិតទាំងនេះ ក៏មានការបង្ហាញអំពីរឿងរ៉ាវប្រវត្តិសាស្ត្រ ជំនឿ និងទំនៀមទម្លាប់ប្រពៃណីខ្មែរជាច្រើនផងដែរ។ ជាក់ស្ដែង ដូចជាដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ ដែលពិពណ៌នាអំពីដំណើរជីវិតរបស់ព្រះពុទ្ធមុន និងក្រោយពេលទ្រង់ត្រាស់ដឹង។

ថ្វីត្បិតតែ​វត្ត​អារាមត្រូវបានទទួលស្គាល់ថាជាទីកន្លែងពោរពេញទៅដោយភាពស្ងប់ស្ងាត់ ប៉ុន្តែបរិយាកាសនេះ ជារឿយៗ ត្រូវបានផ្លាស់ប្តូរក្នុងអំឡុងពេលពិធីបុណ្យធំៗ ដូចជាពីធីបុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យចូលឆ្នាំខ្មែរជាដើម។ ក្នុងអំឡុងថ្ងៃ បុណ្យជាតិទាំងនេះ សមាជិកនៃសហគមន៍ជួបជុំគ្នាដើម្បីតុបតែងទីធ្លា និងរៀបចំបរិវេណវត្ត ដើម្បីបង្កើតបរិយាកាសស្វាគមន៍ និងកក់ក្ដៅសម្រាប់សហគមន៍ទាំងមូលឲ្យមានភាពរីករាយជាមួយនឹងពេលវេលាដ៏គួរឲ្យចងចាំនៃការប្រារព្ធកម្មពិធីរបស់ពួកគេ។ ការសហការរួមគ្នារវាងសមាជិកនៃសហគមន៍នេះ ជំរុញឱ្យមនុស្សមកជួបជុំគ្នា និងបណ្តុះនូវស្មារតីសាមគ្គីភាព បង្កើតជាទំនាក់ទំនងដ៏រឹងមាំដែលមិនអាចបំភ្លេចបានរវាងមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាងក្នុងតំបន់នោះ។ ក្រៅ​ពី​ការ​ប្រារព្ធ​ពិធីបុណ្យសាសនានានា សាធារណជនក៏​ប្រើប្រាស់​វត្ត​អារាមក្នុងសកម្មភាព​ប្រចាំ​ថ្ងៃផ្សេងទៀតផងដែរ ដោយអ្នក​ខ្លះប្រើជាទីកន្លែងសម្រាប់​ជួប​ជុំមិត្តភក្ដិ និងក្រុមគ្រួសារ រីឯ​អ្នក​ខ្លះ​ទៀត ​ប្រើវត្តអារាមដើម្បី​ស្វែង​រក​សេចក្ដី​សុខ​ក្នុង​ចិត្ត​តាម​រយៈ​ការ​ធ្វើ​សមាធិ ការ​អាន ស្តាប់​ការ​សូត្រ​ធម៌ ឬ​បន់ស្រន់ជាដើម។

តាមរយៈការ​សិក្សាមួយរបស់ UNICEF នាពេល​ថ្មី​ៗនេះ បាន​រក​ឃើញ​ថា វត្ត​អារាម​កំពុង​ដើរ​តួនាទីយ៉ាង​សកម្ម​លើស​ពី​មុខងាររបស់ខ្លួន។ ក្រៅ​ពី​ជាទី​កន្លែង​សក្ការបូជា វត្ត​អារាម បានផ្តល់​ទី​ជម្រក និង​ការ​អប់រំ​ដល់​កុមារ​ដែល​ជួប​ការ​លំបាក ជាពិសេស​វត្ត​ធំៗ​មួយ​ចំនួន ​ត្រូវ​បាន​ប្រើ​ប្រាស់ជា​មធ្យោបាយផ្ដល់ការអប់រំ “ជំនួស”​ គ្រឹះស្ថានអប់រំ។

មុខងាររបស់វត្តអារាម ត្រូវបានប្រែប្រួលដើម្បីសម្របទៅនឹងការផ្លាស់ប្តូរនៃបទដ្ឋាននៅក្នុងសង្គម និងរបៀបរស់នៅរបស់មនុស្ស។ វត្តអារាមអាចជាទីកន្លែងដ៏ពិសិដ្ឋ ប៉ុន្តែក៏ជាកន្លែងសម្រាប់បុគ្គលគ្រប់រូបអាចស្វែងរកនូវអារម្មណ៍នៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយខ្លួនឯង និងសហគមន៍របស់ពួកគេផងដែរ។

[English version]

Cambodia is a country rich in culture and history. The Ministry of Cult and Religion reports that 93% of the population is Buddhist, and the country is home to 4,872 pagodas. Many of these serve as more than just a religious shrine. What are pagoda purposes beyond the religious aspects, and why should we pay attention to them?

Access to pagodas requires no entry fee. Visitors entering the pagoda are first struck by the smell of fresh flowers, incense, and smoke. In the background, you can hear the chit-chatting of visitors. Even if you do not know anyone, at the end of a ceremony, you will often find yourself in light conversation with other guests. The setting of pagodas is decorated with colorful but sometimes uncomfortable murals like the drawing that shows the graphic torture in hell of people who committed sinful acts. They tell tales of Khmer history, beliefs, and traditions. For instance, the tales of The Enlightenment of the Buddha visually describe the journey of Buddha before and after he becomes enlightened.

As peace and quiet appear to be characteristics of pagodas, the same cannot be said during big celebrations like Pchum Ben or Khmer New Year. During these holidays, members of the community come together to help decorate and arrange spaces in the vicinity. The goal is to create a welcoming space for the community to enjoy their time celebrating. This collaboration among community members brings people together and captures the spirit of unity that is rooted deeply within the shared goal of commemorating a memorable experience in the company of friends and family. Aside from the celebration, the public uses pagodas in daily life. Some visit as a place to meet and catch up with their loved ones, while others use it to find their peace of mind through meditation, reading, listening to chanting, or praying.

In a recent case study, UNICEF also found that pagodas are taking an active role beyond their respective functions. In addition to being a place of worship, pagodas also provide shelter and education for disadvantaged children, especially some of the larger pagodas, which are used as “alternative” means for education providers.

The usage of pagodas has progressed from its original purpose—they have adapted to the changes in society and the lifestyle of the people. Pagodas may be a sacred place, but they are also where people find their truest connection with themselves and their community.

Previous
Previous

ULS Brings Cambodia to Indonesia: Dispelling Myths, Unveiling Potential

Next
Next

ODOM: New Sales Gallery